កាលកន្លងទៅ តថាគតកើតជាឈ្មួញមានឈ្មោះថា សេរិវ័ណ មានមុខរបររកស៊ីនៅតាមជនបទ។ រាល់ពេលដែលចេញទៅរកស៊ីម្តងៗ តែងតែជួបនឹងអ្នករកស៊ីម្នាក់ទៀតមានឈ្មោះថា សេរិវ័ណ ដូចគ្នាប៉ុន្តែម្នាក់នោះជាមនុស្សលោភលន់ជាខ្លាំង។
ក្នុងកាលគ្រាមួយនោះ ឈ្មួញទាំងពីរបានបបួលគ្នាចេញទៅរកស៊ីនៅស្រុក អន្ធបុរៈ។ ក្រោយពីបាននិយាយគ្នាត្រូវហើយ ពួកគេបានចែកផ្លូវគ្នាធ្វើដំណើរទៅតាមផ្លូវរៀងខ្លួនៗ។ សេរិវ័ណ លោភលន់ បានធ្វើដំណើរមកដល់ផ្ទះទ្រុឌទ្រោមមួយ ដែលម្ចាស់ផ្ទះពីមុនធ្លាប់ជាសេដ្ឋី សព្វថ្ងៃនៅសល់តែជីដូន និងចៅស្រីម្នាក់ប៉ុណ្ណោះ។ យាយដឹងថាចៅស្រី ចង់បានគ្រឿងសម្អាង ភ្លាមនោះគាត់ក៏បានយកដាថាសមាសមួយមកប្តូរ។ សេរិវ័ណ លោភលន់ឃើញយាយចាស់យកថាសមាសមកប្តូរបែបនោះ កើតចិត្តលោភលន់ចង់បានថាសមាសនោះមកទទេៗ ដោយមិនចាំបាច់ដោះដូរអ្វីនោះទេ ទើបនិយាយកុហកយាយចាស់នោះ ថា ថាសមាសនេះមានតម្លៃមិនបានកន្លះមាសកៈនោះទេ រួចខ្លួនក៏បានដើរចេញទៅព្រោះគិតថា ពេលខ្លួនវិលត្រឡប់មកម្តងទៀតនឹងបានថាសមាសនោះ។
លុះក្រោយមក សេរិវ័ណ ស្មោះត្រង់ក៏បានមកដល់ផ្ទះយាយចាស់នោះដូចគ្នា បន្ទាប់ពីបានឃើញសេរិវ័ណ ស្មោះត្រង់យាយក៏បានយកថាសមាសនោះមកនឹងគ្រឿងសម្អាងម្តងទៀត ដោយហេតុសេរិវ័ណម្នាក់នេះជាមនុស្សស្មោះត្រង់ទើបប្រាប់ទៅយាយចាស់ថា ថាសមាសនេះមានតម្លៃ១សែនកហាបណៈឯនោះ ខ្លួនគ្មានទ្រព្យអ្វីគ្រប់គ្រាន់នឹងដោះដូរអ្វីនោះឡើយ។ យាយចាស់នឹកក្នុងចិត្តសេរវ័ណម្នាក់នេះជាមនុស្សស្មោះត្រង់ ទើបគាត់ពោលថា៖
ចៅយកវាទៅ! ឈ្មួញមុននេះឲ្យតម្លៃវាត្រឹមកន្លះមាសកៈនោះទេ យាយសុំត្រឹមគ្រឿងសម្អាងឲ្យចៅស្រីតែប៉ុណ្ណោះ
ឮដូច្នោះសេរិវ័ណស្មោះត្រង់បានប្រមូលគ្រឿងសម្អាង និងទ្រព្យមានជាប់ខ្លួនប៉ុន្មានឲ្យទៅលោកយាយនោះ សុំទុកត្រឹម៨កហាបណៈសម្រាប់ថ្លៃទូកតែប៉ុណ្ណោះ។
បន្ទាប់មកសេរិវ័ណ លោភលន់ក៏បានធ្វើដំណើរមកផ្ទះលោកយាយម្តងទៀត បានដឹងថា ថាសមាសនោះបានទៅសរវ័ណ ស្មោះត្រង់ហើយ គេក៏បានដេញតាមពីក្រោយទៅដល់មាត់ស្ទឹង តែអ្វីៗបានយឺតពេលព្រោះសរិវ័ណ ស្មោះត្រង់បានឆ្លងផុតទៅដល់ត្រើយម្ខាងបាត់ទៅហើយ។ ពេលនោះគេសែនក្តៅក្រហាយក្នុងចិត្តជាខ្លាំង រហូតដល់គាំងបេះដូងស្លាប់នឹងសច្ចាតាមចងកម្មពៀរសេរិវ័ណស្មោះត្រង់គ្រប់ៗជាតិ។ ក្រោយមកសេរិវ័ណ លោភលន់បានកើតជាទេវទត្ត រីឯសេរវ័ណ ស្មោះត្រង់បានកើតជាតថាគតនេះឯង៕