កាលកន្លងទៅ តថាគតធ្លាប់បានកើតជាមេក្រុមឈ្មួញតាមរទេះ។ កាលគ្រាមួយនោះតថាគតដែលជាមេក្រុមបានដឹកនាំបរិវារធ្វើដំណើរទៅជួញដូរនៅក្រៅស្រុក​ ដោយត្រូវឆ្លងកាត់សមុទ្រខ្សាច់មួយដែលមានឈ្មោះថា មរុរហស្ថាន មានទំហំទៅដល់៩៦០គីឡូម៉ែត(៦០យោជន៍នាសម័យនោះ)។

ខណៈនមួយនោះទ្រង់បានយល់ឃើញថា នៅសល់កត្រឹមប្រហែល១យោជន៍ទៀតប៉ុណ្ណោះនឹងឆ្លងផុតសមុទ្រខ្សាច់ហួតហែងនោះហើយ ទើបបានបញ្ជាឲ្យវរិវារបោះចោលនៅសម្ភារៈមួយចំនួន​ដូចជា​ ទឹកនិងស្មៅកុំឲ្យធ្ងន់រទេះ។ តែជាអកុសលអ្នកនាំផ្លូវបានរវល់តែដេកលក់មិនបានមើលផ្លូវ​ ស្រាប់តែភ្ញាក់ឡើងទើបដឹងថាក្រុមខ្លួនបានដើរមកកន្លែងដើមវិញ។ ឮដូច្នោះវរិវារបាននាំគ្នាអស់សង្ឃឹម​ព្រោះតែពួកគេបានបោះចោលទឹកនិងស្មៅសម្រាប់សត្វពាហនៈអស់ទៅហើយ ពួកគេក៏មិនបានដឹងគួរដោះស្រាយយ៉ាងណាបន្ទាប់ឡើយ។ ទ្រង់ជាមេឈ្មួញបានគិតថា បើមិនរកវិធីដោះស្រាយនោះច្បាស់ជាស្លាប់នៅទីនេះទាំងអស់គ្នាមិនខាន។ ទ្រង់បានព្យាយាមដើររកប្រភពទឹក ភ្លាមៗនោះទ្រង់បានប្រទះឃើញគុម្ពស្មៅគុម្ពលាស់យ៉ាងខៀវខ្ជី​ ទ្រង់ដឹងថាច្បាស់ជាមានប្រភពទឹកនៅពីក្រោមគុម្ពស្មៅនោះ​ ទើបបានបញ្ជាឲ្យបរិវារនាំគ្នាជីកដីនៅត្រង់គុម្ពស្មៅនោះ​។ ជីកបាន៦០ហត្ថក៏ប្រទះឃើញមានតែដុំថ្មទៅវិញ ម្នាក់ៗអស់សង្ឃឹមមែនទែន ហើយក៏នាំគ្នាបោះចោលចប តែគ្រានោះទ្រង់បានឮសម្លេងទឹកហូរនៅខាងក្រោម ហើយបានប្រាប់ទៅបរិវារម្នាក់ថា៖

ចូរពួកឯងកុំបោះបង់ការព្យាយាមឲ្យសោះ បើអាចបំបែកដុំថ្មនេះបាន​ យើងប្រាកដជាមានផ្លូវរស់វិញហើយ!

ឮដូច្នោះបរិវារម្នាក់ក្នុងចំណោមពួកគេបានទាញញញួរវាយថ្មមួយផ្ទាំងនោះរហូតទាល់តែមានទឹកផុសឡើងមក។ ពួកបរិវារឯទៀតបាននាំគ្នាមកផឹកទឹកនោះហើយបានរួចផុតពីសេចក្តីស្លាប់។ លុះក្រោយមកពួកគេក៏បានធ្វើសញ្ញាសម្គាល់នៅត្រង់អណ្តូងទឹកនោះ​ ហើយបន្តដំណើររហូតបានឆ្លងផុតវាលខ្សាច់ហួតហែងនោះទៅ៕

បើអ្នកលះបង់ការព្យាយាម​ ព្រមទាំងបោះបង់ការតាំងចិត្តហើយនោះ​ អ្នកក៍នឹងគ្មានថ្ងៃអាចទទួលបានផលសម្រេចអ្វីឡើយ។