នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្មេងទំនើង០១ក្រុម មានរហស្សនាម DMS (ក្រុមដើមស្តៅ) នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែងតែធ្វើសកម្មភាព កាប់ប្លន់ម៉ូតូ និង ឆក់ទ្រព្យសម្បត្តិអ្នកដទៃជាច្រើនលើកច្រើនសារ នៅសង្កាត់ព្រែកកំពឹស វត្តឬស្សីសាញ់ ខណ្ឌដង្កោ, នៅទួលពង្រ ខណ្ឌពោធិ៍សែនជ័យ និងច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ ធ្វើការបង្ក្រាប ជាបន្តបន្ទាប់ បានចំនួន ០៨ នាក់ និងបានបញ្ជូនទៅតុលាការ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្មេងទំនើងទាំងនេះរួមមាន៖
១.ឈ្មោះ ចាន់ ប្រុសពៅ ហៅឆ្លូញ អាយុ២០ឆ្នាំ
២.ឈ្មោះ ហ៊ឹម សុខសេរីវឌ្ឍនា ហៅប្រុស អាយុ១៨ឆ្នាំ
៣.ឈ្មោះ សូវ៉ុន រតនៈ អាយុ ១៨ឆ្នាំ
៤.ឈ្មោះ វ៉ាត សីហា អាយុ ១៥ឆ្នាំ
៥.ឈ្មោះ ឡុង ដារ៉ា អាយុ ១៥ឆ្នាំ
៦.ឈ្មោះ ថន ភារុណ អាយុ ១៨ឆ្នាំ
៧.ឈ្មោះ ជ័យ សុខា ហៅជាំ អាយុ ១៨ឆ្នាំ
៨.ឈ្មោះ ឡេង វ៉ាន់ឌី អាយុ ១៧ឆ្នាំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៨នាក់ បានឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកជាច្រើននាក់ផ្សេងទៀត ពិតជាបានប្រព្រឹត្តអំពើឆក់, កាប់ប្លន់, និងប្រើអំពើហិង្សាជាច្រើនលើកច្រើនសារមកហើយ មានដូចជា៖ ឆក់ទូរស័ព្ទចំនួន ០២លើក ចំណុចផ្លូវជាតិលេខ៣ និង ផ្លូវ៦០ម៉ែត្រ កាលពី៦ខែមុន, កាប់ប្លន់ ម៉ូតូចំនួន០៤លើក ចំណុចផ្លូវជាតិលេខ៣ ជិតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ចំណុចវត្តឬស្សីសាញ់, ចំណុចភូមិព្រែកកំពឹស និងចំណុចទួលពង និងធ្លាប់ វាយកាប់គ្នា នៅសង្កាត់ព្រែកកំពឹស, ផ្សារអ៊ីអន៣, ផ្លូវ៦០ម៉ែត្រ, ផ្លូវលេខ ២១៧ ជិតស្រាបៀកម្ពុជា, ចំណុចលូប្រាំ និងម្តុំទួលពង្រ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួសស្រាល និងមានធ្ងន់ផងដែរ។

បច្ចុប្បន្នបក្ខពួកផ្សេងទៀតរបស់ក្រុមពួកគេ ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕