នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ យោងតាមឆាណែលតេឡេក្រាមផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត (Fake News) ដែលបង្កឡើងដោយពួកជនទុច្ចរិតកំពុងបំពុលសង្គម។
តាមរយៈការបង្ហោះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនមួយចំនួនអាចបានទទួលព័ត៌មានជាមួយរូបភាពដូចភ្ជាប់មកជាមួយនេះ ដែលមានរូប ប្រមុខដឹកនាំកម្ពុជា ជាមួយនឹងខ្លឹមសារណែនាំអោយចុះឈ្មោះចូលតាមតំណ (link) ថានឹង ទទួលបានប្រាក់រង្វាន់ $500 ។ នេះជាព័ត៌មានមិនពិត (fake news)។
កុំចុចចូល (link) នោះដាច់ខាត។ ជនទុច្ចរិតអាចមានឱកាសលួច (hack) យកអត្តសញ្ញាណ (ឈ្មោះ អាយុ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ និងលេខកុងធនាគារជាដើម…(Identity) និង Telegram Account របស់បងប្អូន ហើយបង្កើតបញ្ហាគ្រោះថ្នាក់ជាច្រើនទម្លាក់អោយបងប្អូន ទទួលដែលនឹកស្មានមិនដល់។
មុននឹងជឿលើអ្វីមួយ ត្រូវគិតពិចារណា… មិនមែននៅសុខៗ គ្រាន់តែចូលទៅចុះឈ្មោះទទួលបានលុយ $500 ងាយៗដូចនេះឡើយ។ បងប្អូនត្រូវគិតពិចារណាអោយបានហ្មត់ចត់បំផុត ថាគួរជឿ ឬអត់? ព្រោះសព្វថ្ងៃនេះ ជនទុច្ចរិតកំពុងបំពុលសង្គមជាមួយ fake news ជាច្រើនស្ទើរគ្រប់ទីកន្លែង» ៕