គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម) សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%ហើយ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
តាមការញ្ជាក់ពីក្រសួង ផ្លូវជាតិដ៏សំខាន់នេះ ផ្នែកខ្លះជាប្រភេទ AC និងខ្លះទៀតជាប្រភេទ DBST ដែលត្រូវបានចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ និងចាប់ផ្តើមសាងសង់ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយគ្រោងនឹង បញ្ចប់ការសាងសង់ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខ ពោលគឺមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ចំនួន២៤ខែ។
សូមជម្រាបថា ផ្លូវជាតិលេខ៧១C ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានទំហំថវិកាជាង ១២៩ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ ក្រុមការងារកំពុងប្រឹងប្រែងដើម្បីបង្ហើយកិច្ចដែលនៅសេសសល់ដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត៕