តែ​ជា​ភេសជ្ជៈ​ដែល​គេ​ពេញ​និយម​ផឹក​បំផុត​បន្ទាប់​ពី​ទឹក​នៅ​ជុំវិញ​ពិភពលោក ។ ភេសជ្ជៈ​ដែល​មាន​ក្លិនប្រហើរ​នេះ​ភាគច្រើន​ធ្វើ​មក​ពី​ស្លឹក​នៃ Camellia sinensis ដែល​ជា​ប្រភេទ​រុក្ខជាតិ​បៃតង​នៅ​តំបន់​អាស៊ី​។ ការ​ផឹក​តែ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព រួម​បញ្ចូល​ទាំង​ការពារ​កោសិកា​ក្រហម​ពី​ការ​បំផ្លាញ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ជាដើម​។ ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​រក​ឃើញ​ថា​ការ​ផឹក​តែ​ក៏​ជួយ​ឲ្យ​ស្រក​ទម្ងន់ និង​សម្រក​ក្បាលពោះ​បាន​ដែរ​។

១. តែ​បៃតង

តែ​បៃតង​ជា​តែ​មួយ​ប្រភេទ​ក្នុង​ចំណោម​តែ​ជា​ច្រើន​ប្រភេទ​ដែល​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។ វា​ក៏​ជា​តែ​មួយ​ដែល​គេ​និយម​ប្រើ​សម្រាប់​សម្រក​ទម្ងន់​ដែរ​។ ដោយសារ​តែ​វា​មាន​ជាតិ catechins ខេតថេឈិន ច្រើន ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ ដែល​អាច​ជួយ​ដល់ការ​ធ្វើ​មេតា​ប៉ូ​លី​ស​ក្នុង​រាង​កាយ និង​បង្កើន​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាំញ់ ជា​ពិសេស​នៅ​ត្រង់​ក្បាលពោះ​តែ​ម្តង​។

២. តែ​ស

តែ​ស​ជា​ប្រភេទ​រុក្ខជាតិ​ដែល​ត្រូវ​មើលថែ​ទាំ​ខ្លាំង​បំផុត​ពេល​វា​ទើបនឹង​ដុះ​។ វា​មាន​រសជាតិ​ខុស​ពី​តែ​ផ្សេង​ៗ​។ រសជាតិរបស់វាគឺ ឆ្ងាញ់ និង​រៀងផ្អែម​បន្តិច​។ ចំណែក​ការ​សិក្សា​វិញ​បាន​រក​ឃើញ​ពី​អត្ថប្រយោជន៍​របស់​តែ​ស​នេះ​ថា ជា​តែ​ដែល​ជួយ​ដល់​សុខភាព និង​បំផ្លាញ​កោសិកា​មហារីក​។ តែ​ស និង​តែ​បៃតង​មាន​ជាតិ catechins ដូច​គ្នា ដែល​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​លឿន និង​មាន​ប្រសិទ្ធភាព​។

៣. តែ​អូ​ឡុ​ង

តែ​អូ​ឡុ​ង​ជា​ប្រភេទ​តែ​បុរាណ​របស់​ជនជាតិ​ចិន វា​មាន​រសជាតិ​ដូច​ផ្លែ​ឈើ និង​ក្លិនក្រអូប ហើយ​រសជាតិ​វា​ខុស​ពី​តែ​ផ្សេង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​តែ​អូ​ឡុ​ង​ជួយ​ដល់​ការ​សម្រក​គីឡូ ដោយ​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​ជំរុញ​ល្បឿន​ក្នុង​ការ​ធ្វើ​មេតា​ប៉ូ​លី​ស​។

៤. តែ​ខ្មៅ

តែ​ខ្មៅ​មាន​សារធាតុចិញ្ចឹម​ល្អ​ៗ​ខុស​ពី​តែ​បៃតង និង​តែ​ស​។ តែ​វា​ដូចនឹង​តែ​បៃតង និង​តែ​ស ត្រង់​ថា​វា​អាច​ជួយ​សម្រក​គីឡូ​បាន​ដូច​គ្នា​។ តែ​ខ្មៅ​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​គេ​ហៅ​ថា Flavonoid ឬ​គេ​ស្គាល់​ម្យ៉ាងទៀត​ថា​ជា polyphenols ដែល​ជំនួយ​ដល់​សុខភាព​បាន​ច្រើន​ដូច​ជា សម្រក​ទម្ងន់​ជាដើម​។

៥. តែ​ម៉ាច​ឆា

តែ​ម៉ាច​ឆា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្សៅ​តែ ដែល​ធ្វើ​មក​ពី​តែ​បៃតង​។ តែ​ម៉ាច​ឆា​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​សម្រក​ទម្ងន់ ហើយ​វា​មាន​ប្រសិទ្ធភាព​ជាង​តែ​បៃតង ដោយសារ​វា​ធ្វើ​ឡើង​មក​ខុស​គ្នា​។ ម៉ាច​ឆា​មាន​កាឡូរី​តិច ដែល ១ ក្រាម​មាន​តែ ៣ កាឡូរី​ទេ​។

៦. តែ​រមៀត

រមៀត​ជា​គ្រឿងទេស​ដែល​មាន​ពណ៌​លឿង​ល្អ ដែល​ជួយ​បន្ថែម​ពណ៌​ឲ្យ​ម្ហូប និង​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​សំខាន់​ក្នុង​គ្រឿងទេស​នេះ​គឺជា​សារធាតុ Curcumin ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​រលាក ដែល​ត្រូវ​បាន​គេ​ប្រើ​ក្នុង​វេជ្ជសាស្ត្រ​ចិន​ជា​យូរណាស់​មក​ហើយ​។ រមៀត​អាច​ជួយ​គ្រប់​គ្រង់​ការ​ឡើង​ទម្ងន់ មិន​ឲ្យ​ធាត់ និង​ព្យាបាល​បញ្ហា​ក្នុង​ការ​ធ្វើ​មេតា​ប៉ូ​លី​ស​។